តើពាក្យ «សីហៈ» មានន័យដូចម្ដេច ?
សីហៈ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សីហ; សំ. សឹហ ) សត្វចតុប្បាទពួកមួយជាម្រឹគមានអំណាចអង់អាច ( សិង្ហ; បារ. លីយ៉ុង Lion ) ។ ក្នុងគម្ពីរពុទ្ធសាសនាថា សីហៈ មាន៤ ប្រភេទគឺ ១- តិណសីហៈ សីហៈមានសម្បុរប្រផេះ ស៊ីតិណជាតិជាអាហារ; ២-កាឡសីហៈ សីហៈមានសម្បុរខ្មៅស៊ីតិណជាតិជាអាហារដែរ; ៣-បណ្ឌុសីហៈ សីហៈមានសម្បុរលឿងចាស់ ( សម្បុរត្នោត ) ស៊ីសាច់សត្វជាអាហារ; ៤-កេសរសីហៈ សីហៈមានកេសរ គឺត្រង់កមានសំណុំរោមសម្បុរក្រហម, មានឆ្នូតក្រហម៣ស្រស់ក្រឡាញពីត្រឹមក្បាលកាត់ចំមកលើខ្នង គឺឆ្នូតមួយកណ្ដាលបង្ហូតត្រង់ចុះតាមខ្នង ដងកន្ទុយ ឆ្នូតពីរសងខាងងាកចុះតាមកៀនត្រគាកទាំងពីរ ( ម្ខាងមួយ ) វិលវៀនព័ទ្ធជាទក្ខិណាព័ត៌, ត្រង់មុខនិងចុងជើងទាំងបួននិងចុងកន្ទុយមានសម្បុរក្រហមស្រស់, សរីរប្រទេសក្រៅពីនោះមានសម្បុរ-សដូចសម្បុរខ្យងស័ង្ខដែលខាត់, ស៊ីសាច់សត្វជាអាហារ ( ច្រើនមាននៅក្នុងហិមវន្ដប្បទេស ), កេសរសីហៈនេះមានអានុភាពជាងសីហៈទាំង៣ប្រភេទខាងលើ; ហៅ សីហរាជ ឬ រាជសីហ៍ “ស្ដេចសីហៈ” ក៏បាន ( ម. ព. សិង្ហ និង គជសីហ៍, នរសីហៈឬ នរសីហ៍ ផង ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា សីហ អ. ថ. សីហៈ ដូចជា សីហនាទ សូរសព្ទបន្លឺនៃសីហៈ, សម្រែកសីហៈ ។ ព. ប្រ. បញ្ចេញសីហនាទ កម្ទរសូរសព្ទឮខ្លាំងៗឥតញញើត, និយាយក្អេងពេញត្រពងមាត់ ។ ( សូរសីហនាទ ( សូរៈ—) ម. ព. សូរ គុ.) ។ សីហបញ្ជរ ( ព. ប្រ. ) បង្អួចរបស់លោកអ្នកមានអានុភាពដូចសីហៈ គឺបង្អួចដំណាក់ឬប្រាសាទរបស់ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះរាជាទ្រង់ប្រថាប់ក្បែរសីហបញ្ជរ ។ ឬបង្អួចមានរង្វង់ដូចជាទ្រង់ជំហរសីហៈ ។ សីហពិលាស ឬ —វិលាស ដំណើរនៃសីហៈ ។ ព. ប្រ. លំនាំលីលាឬដំណើរគគាតឥតភ្លឹក ។ សីហសយ្យា ឬ—សេយ្យា ( —សៃយ៉ា ) ដំណេកសីហៈ ( កេសរសីហៈដេកផ្អៀងទៅខាងស្ដាំជាដរាប ) ។ ព. ប្រ. ដំណេកដូចជាសីហៈ គឺដំណេកផ្អៀងទៅខាងស្ដាំ ជើងឆ្វេងតម្រួតលើជើងស្ដាំ ( បន្ទំព្រះពុទ្ធ ) : ព្រះសម្មាសម្ពុទ្ធទ្រង់សម្រេចសីហសេយ្យា ( ម. ព. សីហសេយ្យាសន៍ ក្នុងពាក្យ សយ្យា ឬ សេយ្យា ផង ) ។ សីហាសនៈ ( —សៈន៉ៈ; បា. < សីហ + អាសន ) ព. ប្រ. អាសនៈរបស់លោកអ្នកមានអំណាចដូចជាសីហៈ គឺរាជាសនៈឬរាជបល្ល័ង្ក : ព្រះបរមក្សត្រិយ៍ទ្រង់គង់លើសីហាសនៈ ។ឬអាសនៈមានទ្រង់ទ្រាយដូចរូបសីហៈ, គ្រែរូបសីហៈ ។ ល ។
( បា. សីហ ឬ សីហរាសិ; សំ. សឹហ ឬ សីហរាឝិ ) រាសីកំណត់ដោយផ្កាយសីហៈ, ជាឈ្មោះរាសីទី៥ នៃសុរិយគតិ, មាន៣១ថ្ងៃ ត្រូវគ្នានឹងខែ អាអ៊ូត បារាំងសែស (ទី៨) ។ សព្វថ្ងៃប្រើជា សីហា ជាខែទី៨ដែរ ( ម. ព. រាសី ផង ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646