Dictionary

តើពាក្យ «សរីរៈ» មានន័យដូចម្ដេច ?


សរីរៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរីរ; សំ. ឝរីរ ) អត្តភាព, រូប, រាងកាយ, ខ្លួនប្រាណ; សាកសព; រាងឆ្អឹង : ថែទាំសរីរៈ; រម្លាយសរីរៈ ។ បើរៀងពីខាងដើមសព្ទដទៃសរសេរជា សរីរ អ. ថ. សៈរ៉ីរ៉ៈ, ដូចជា សរីរកាយ រាងកាយទាំងមូល, គ្រោងរូប ។ សរីរកិច្ច ការរវល់ដោយរាងកាយ (មានបន្ទោឧច្ចារៈបស្សាវៈជាដើម); ការរម្លាយសព្វឬបញ្ចុះសព : ធ្វើសរីរកិច្ច ។ សរីរជៈ ឬ –ជាត ដែលកើតចេញអំពីសរីរៈ ។ សរីរធាតុ ធាតុដែលប្រជុំនៅក្នុងខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់អដ្ឋិដែលរម្លាយរួចហើយ (ហៅចំពោះតែអដ្ឋិលោកអ្នកមានបុណ្យឬព្រះអរហន្ដ) : សរីរធាតុស្ដេចចក្រពត្តិ, សរីរធាតុព្រះបច្ចេកពុទ្ធ ។ សរីរនិក្ខេប ការបោះបង់សរីរៈ; ការបញ្ចុះសព : ធ្វើសរីរនិក្ខេប ។ សរីរបរិហារ ការថែរក្សាខ្លួន ។ សរីរប្បដិជគ្គនៈ ( សៈរី-រុ័ប-ប៉ៈដិ-ជ័ក-គៈនៈ ) ការជម្រះឬសម្អាតសរីរៈ ។ សរីរប្បដិព័ទ្ធ ឬ –ប្រតិព័ទ្ធ ( សៈរ៉ីរុ័ប-ប៉ៈដិព័ត ឬ ប្រៈតិ– ) ដែលជាប់ទាក់ទងដោយសរីរកាយ : ស្រមោលជាសរីរប្បដិព័ទ្ធ ។ ដែលជាប់នៅនាសរីរៈ (ដូចយ៉ាងសំពត់អាវ ដែលស្លៀកពាក់ជាប់នឹងខ្លួន, អម្រែកនៅលើស្មាជាដើម) ។ សរីរប្បទេស ឬ –ប្រទេស សរីរកាយ, –សព៌ាង្គកាយ ។ សរីរប្បភា ឬ –ប្រភា រស្មីឬពន្លឺដែលភ្លឺចេញអំពីសរីរកាយ : សរីរប្បភានៃទេវតា ។ សរីរព័ណ៌ ឬ –វណ្ណ សម្បុរសរីរៈ ។ សរីរព្យាបាល ឬ –រក្សា ការរក្សាសរីរៈ ( សរីរបរិហារ ) ។ សរីរភេទ ការបែកធ្លាយសរីរៈ, ដំណើររំលាងខន្ធ, មរណភាព : ដល់នូវសរីរភេទ ( ស្លាប់ ) ។ សរីរយន្ដ ឬ –យន្ដ្រ ( –យន់ ) យន្ដគឺសរីរៈ, សរីរកាយដែលទុកដូចជាគ្រឿងយន្ដ ។ សរីរយាត្រា ការចិញ្ចឹមជីវិត,ការរស់នៅ ។ សរីររូបធាតុ ( សៈរ៉ីរ៉ៈរូប៉ៈធាត ) រូបធាតុក្នុងសរីរៈ គឺធាតុដែលមានរូបផ្សេងៗក្នុងសរីរកាយ (បារ. Matiére organique) ។ សរីរវិជ្ជា, –វិទ្យា, ឬ –សាស្ត្រ វិជ្ជាឬក្បួនសម្រាប់រៀនសង្កេតចំណាំអាការៈក្នុងខ្លួន ឲ្យដឹងដោយការវះកាត់ជាដើម ( សម្រាប់ពេទ្យ ) ។ សរីរវិមោក្ខ ឬ –វិមោក្សណ៍ ការរួចផុតចាកសរីរៈ (មរណភាព) ។ ព. ពុ. ការរលត់ខន្ធចូលកាន់និព្វាន ។ សរីរសណ្ឋាន ទ្រង់ទ្រាយសរីរៈ, បែបភាពឬរាងរៅរបស់រូបកាយ ។ សរីរសន្ធិ តំណសរីរៈ, សន្លាក់ឆ្អឹង ។ សរីរសោសន ( –សៈន៉ៈ ឬ –សន់ ) ការបង្អត់ខ្លួនឲ្យស្គាំងស្គម ។ សរីរសំស្ការ ការរម្លាយរូប, ឈាបនកិច្ច ។ សរីរាការ ( សៈរ៉ីរ៉ាកា; បា. < សរីរ + អាការ ) អាការៈក្នុងខ្លួន ( មានសក់, រោមជាដើម ) ។ សរីរាវយវៈ (សៈរ៉ីរ៉ាវ៉ៈយៈវៈ; បា. < សរីរ + អវយវ ) ប៉ែកឬចំណែកនៃសរីរៈ ( មានដៃ, ជើង ជាដើម ) ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share