តើពាក្យ «សាប» មានន័យដូចម្ដេច ?
សាប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បាចគ្រាប់ស្រូវពូជដែលត្រាំហើយ ទៅក្នុងទីថ្នាលដើម្បីឲ្យដុះជាសំណាប ។
ឧទាហរណ៍៖ ខ្ញុំសាបបានពីរថ្នាលហើយ។
សាបព្រោះបណ្ដុះដាំ សាបខ្លះ ព្រោះខ្លះបណ្ដុះខ្លះ ដាំខ្លះ ។ ព. ប្រ. ទំនុកបម្រុងផ្ចុងផ្ដើមឲ្យកើតកាលវាលគុម្ព ។ សាបពូជវិជ្ជា បណ្ដុះវិជ្ជាឲ្យចេះតែដុះលូតលាស់ចម្រើនតៗទៅ ។ សាបពូជសុជីវធម៌ បង្ហាត់បង្រៀនប្រាប់ពន្យល់គ្នាឲ្យចេះ, ឲ្យប្រព្រឹត្តតាមសុជីវធម៌ជាសណ្ដាប់ធ្នាប់ល្អតៗទៅ ។ ព. កា. ថា
ឧទាហរណ៍៖ កុំសាបពូជពាល ក្រែងនាំឲ្យរាល ពេញទាំងភូមិស្រុក ត្រូវសាបពូជប្រាជ្ញ អាចនាំឲ្យសុខ គ្មានការណ៍អុកឡុក ស្រណុកនិត្យនៅ ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទ ត្បាញដោយបន្ទោះមូលតូចៗ សម្រាប់ដាក់ឲ្យត្រូវមច្ឆជាតិល្អិតៗ។
( បា. សាប; សំ. ឝាប ) សម្បថ ។ សាបកៈ ឬ សាបករ អ្នកស្បថ( បើស្ត្រីជា សាបិកា ឬ សាបការិកា) ។ សាបកម្ម ការស្បថ ។ សាបវាទ ពាក្យស្បថ, សម្បថ ។ សាបវាទី អ្នកដែលនិយាយឡើងអាងតែស្បថ ( បើស្រ្តីជា សាបវាទិនី ) ។ ល ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតរសប្រៃ ។
ឧទាហរណ៍៖ ទឹកសាប ។
ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប ។
ឧទាហរណ៍៖ សម្លសាប ។
ដែលមិនសូវប្រៃ, ដែលមានរសប្រៃតិច មិនល្មមដល់ការប្រកប ។
ឧទាហរណ៍៖ សម្លសាប ។
ព. ប្រ. ដែលឥតតម្លៃ, ដែលអស់អំណាច, អស់ពូកែ ។
ឧទាហរណ៍៖ សម្ដីសាប, សាបអំណាច, មន្ដអាគមសាប ។
ដែលចេញអស់រសជាតិដើមហើយ ។
ឧទាហរណ៍៖ ផឹកថ្នាំមិនទាន់សាបមួយឆ្នាំងផង ប្រញាប់តែនឹងលែង! ។
ដែលឥតរសជាតិខ្លាំង ។
ឧទាហរណ៍៖ ថ្នាំសាប ( សម្រាប់ប្រើចុកស៊ីស្លា ) ។
ព. ទ. បុ. ស្លឲ្យសាប បង្គុយឲ្យទាប គំនិតឲ្យវៃ ស្លសាបងាយបង់អំបិលថែម, បង្គុយទាបងាយឡើងទៅទីខ្ពស់, គំនិតវៃមិនដែលភ្លាត់ខូចការ ។ សាបឈឹង សាបឥតរសប្រៃសោះ ។ សាបឈ្លេម សាបប្រហាត ។ សាបមាត់ នឹកចង់បរិភោគអាហារដែលមានរសប្រៃឬជូរ ( ច្រើនតែទើបងើបពីឈឺ ) ។ ព. ប្រ. នឹកចង់បានរអូចមិនស្រាក : កុំបញ្ចេញរបស់ល្អៗ មកដាក់សម្ងាចឲ្យចោរសាបមាត់ ! ។ សាបរលាប ឥតអំណាច, ឥតតម្លៃ ។ សាបសូន្យ បាត់សូន្យ, វិនាសអស់ ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646