Dictionary

តើពាក្យ «សារ» មានន័យដូចម្ដេច ?


សារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សា រ) ខ្លឹម; សេចក្ដីខ្ជាប់ខ្ជួន, មាំមួន, រឹងប៉ឹង; ការសំខាន់, របស់សំខាន់; គោល, គោលចារឹក, ហ្ល័កឋាន; កម្លាំង; អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; សំណាង, បុណ្យភ័ព្វ; តម្លៃ, ទ្រព្យ, សម្បត្តិ; របស់សុទ្ធ; សេចក្ដីពិត; ប្រយោជន៍, ផលប្រយោជន៍; ធាតុសុទ្ធឬធាតុផ្សំណាមួយ; សំបុត្រ, ចុតហ្មាយ; ពាក្យសង្ខេប, សេចក្ដីបំព្រួញ; . . . ។
ឧទាហរណ៍៖ មានសារមកដល់ មានសំបុត្រមកដល់ (សម័យឥឡូវមិនសូវមានប្រើ) ។

                 ដំរីស្ដរឬដំរីមានភ្លុកដែលធំអស់ទំហំហើយ ។

ឧទាហរណ៍៖ ដំរីសារ ។

                 ព. ទ. បុ. ដំរីសារស្លាប់ យកចង្អេរបាំង ការអាក្រក់យ៉ាងធំ ខំប្រឹងបិទបាំងដោយហេតុ ឬដោយឧបាយបន្តិចបន្តួច ធ្វើម្ដេចនឹងកំបាំង ។ គជសារ (គច់ជៈសា) ដំរីមាឌធំសម្បើម ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រឹង, រ៉ឹងប៉ឹង, ខ្ជាប់ខ្ជួន, មាំមួន; ខ្លាំង, ដែលមានកម្លាំង; ដែលក្លាហាន, អង់អាច, អាចហាន; ដែលពិត, ប្រាកដ; មានតម្លៃ; ថ្លៃ, ថ្លៃថ្លា, ប្រសើរ, ខ្ពង់ខ្ពស់; សំខាន់; គ្រប់, គ្រប់សព្វ; . . . ។

                      ខ្លឹមសារ ខ្លឹមរឹង, ខ្លឹមសំខាន់; ប្រយោជន៍ថ្លៃថ្លា ។ មានសារមកដល់ មានសំបុត្រមកដល់ (សម័យឥឡូវមិនសូវមានប្រើ) ។ ឥតសារ ឥតខ្លឹម; ឥតតម្លៃ; ឥតប្រយោជន៍ ។ ឥតសព្ទឥតសារ ឥតផលប្រយោជន៍, មិនបានការ : សម្ដីឥតសព្ទឥតសារ ។បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សារ៉ៈ, ដូចជា សារកតិកា សេចក្ដីប្តេជ្ញាមានហ្ល័កឋាន ។ សារកម្មទណ្ឌ ( –ក័ម-ម៉ៈទ័ន ) សំបុត្រដែលសាមីខ្លួនអ្នកទ័លក្រធ្វើដាក់ដៃអ្នកម្ចាស់ប្រាក់ប្រគល់ខ្លួនជាទាសៈឬទាសីនៅបម្រើគេ ( ប្រើតែក្នុងសម័យពីដើម ) ។ សារគតិ គតិខ្ជាប់ខ្ជួន ។ សារគន្ធ ( – គន់-ធ ឬ –គន់ ) ក្លិនខ្លឹម ( មានខ្លឹមចន្ទន៍ជាដើម ) ។ សារជាត ឬ សារព្រឹក្ស ឈើមានខ្លឹម ( ព. ផ្ទ. អសារជាត ឬ អសារព្រឹក្ស ) ។ សារតាំង (សា–) សារ (សំបុត្រ) តែងតាំងដែលប្រមុខរដ្ឋចេញឲ្យទូតកាន់ទៅ ប្រគល់ជូនចំពោះប្រមុខរដ្ឋបរទេស ដែលទូតនោះត្រូវនៅអែបទាក់ទងជាមួយ : ប្រគល់សារតាំង, បានទទួលសារតាំង ។ សារត្រា សំបុត្ររបស់អគ្គសេនាបតីប្រើជាផ្លូវរាជការ (សម័យពីដើម); សំបុត្រប្រកាសរបស់រដ្ឋមន្ត្រីណាមួយប្រើជាផ្លូវរាជការ (សម័យបច្ចុប្បន្ន) : សារត្រារដ្ឋមន្ត្រីក្រសួងអប់រំ**ជាតិ ។ សារទស្សី អ្នកដែលយល់ឃើញធម៌ឬអ្វីមួយថាជាសារៈ ( បើស្រ្តីជា សារទស្សិនី ) ។ សារទិស គ្រប់ទិស ។ សារទុក្ខ ទុក្ខគ្រប់សព្វ, ទុក្ខទាំងពួង ( ម. ព. សាទុក្ខ ក្នុងពាក្យ សា កិ. ផង ) ។ សារទ្រព្យ ឬ –ធន ទ្រព្យមានតម្លៃ ។ សារធម្ម ឬ –ធម៌ ធម៌ជាសារៈ, ធម៌ជាគោល ។ សារបណ្ណ (-ប័ន) ឬ សារប័ព្វ, សារបញ្ជី សន្លឹកប្រាប់បញ្ជីមាតិកាឬសន្លឹកប្រាប់បញ្ជីរឿង, បញ្ជីមាតិកា, បញ្ជីរឿង ។ សារប្បវត្តិ ឬ សារព័ត៌មាន ( សារៈ– ) ដំណឹងពិត; កាសែត ។ សារព័ស្ដុ ឬ –វត្ថុ វត្ថុជាសារៈ, របស់មានតម្លៃ ។ សារព្រឹក្ស ដូចគ្នានឹង សារជាត ។ សារភណ្ឌ ភណ្ឌៈមានតម្លៃ; ទំនិញមានតម្លៃ ។ សារភាព ភាវៈពិត, ដំណើរឬសេចក្ដីពិត : ទទួលសារភាព, ទទួលតាមដំណើរពិត, ទទួលខុស ។ សារភូត ដែលជាសារៈ, ដើមចម, ជាគោល, ជាហ្ល័កឋាន ។ សារមតិ គំនិតដែលយល់ធម៌ឬអ្វីមួយថាជាសារៈ ។ សារមតី អ្នកដែលមានគំនិតយល់ថាជាសារៈ ( បើស្រ្តីជា សារមតិនី ) ។ សារមន្ទីរ មន្ទីរដាក់របស់មានតម្លៃ; វិវិធភណ្ឌដ្ឋាន ។ សារវន្ដ ( –វាន់ ) ដែលមានសារៈ, ដែលមានប្រយោជន៍, ដែលសំខាន់, ប្រកបដោយខ្លឹមសារ ។ សារវិទ ឬ –វិទូ អ្នកដឹងអ្វីៗដែលជាប្រយោជន៍ ឬដែលមានតម្លៃ ។ សារសព្ទ ពាក្យពិត; ពាក្យមានប្រយោជន៍, មានតម្លៃ (ម. ព. សាសព្ទ ផង ) ។ សារសូន្យ ( សំ. សារឝូន្យ ) ដែលសូន្យចាកតម្លៃ; ដំណើរសូន្យចាកប្រយោជន៍ឬសូន្យចាកតម្លៃ, ការខូចប្រយោជន៍, ការអស់តម្លៃ ។ សារាចរ ( សារ៉ា-ច ) លិខិតមានកម្មវត្ថុដូចគ្នាតែមួយដែលប្រាស្រ័យចំពោះបុគ្គលច្រើនគ្នា ដូចយ៉ាងលិខិតរបស់នាយករដ្ឋមន្រ្តី ដែលប្រាស្រ័យកិច្ចការជាមួយនឹងក្រសួងរដ្ឋមន្រ្តីនានាជាដើម : ប្រតិបត្តិតាមសារាចរ, ធ្វើសារាចរបង្គាប់ទៅគ្រប់ក្រុមក្រោមឱវាទ ។សារាសារ ឬ សារាសារៈ ( សំ. បា. < សារ + អសារ ) សារៈនិងអសារៈ; ខ្លាំងនិងខ្សោយ; កម្លាំងនិងកម្សោយ ។ ល ។ **ពាក្យ “អប់រំ” ត្រូវបានកែតម្រូវពីពាក្យដើម “អបរំ” ដោយហេតុថាពុំមានពាក្យ “អបរំ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share