Dictionary

តើពាក្យ «សាធុ» មានន័យដូចម្ដេច ?


សាធុ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ល្អ; ប្រពៃ; ត្រូវ, ត្រឹមត្រូវ; ស្រួល, ស្រួលបួល; ដែលឲ្យសម្រេចផលឬសម្រេចប្រយោជន៍; ដែលពិត, មែន,..។ ន. សប្បុរស, មនុស្សចិត្តល្អ, មនុស្សចិត្តបុណ្យ, អ្នកប្រាជ្ញ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សព្ទប្រាប់សេចក្ដីថា “” ល្អ!; ល្អហើយ!; ស្រួលហើយ!; ត្រូវហើយ!; មែន!; មែនហើយ!; អរហើយ!; …”” ជាពាក្យសម្រាប់ប្រើក្នុងការទទួលអនុមោទនា, ទទួលអំណរ, ទទួលព្រមផងជាដើម : បើអស់លោក-អ្នកយល់ព្រម សូមឲ្យសទ្ទសញ្ញាថា សាធុ បីដងឲ្យព្រមៗគ្នាមក! ។ ល ។ សាធុកម្ម អំពើល្អ, បុណ្យ, កុសល ។ សាធុការ ការបញ្ចេញវាចាថា សាធុ! : ឲ្យសាធុការ ឬ ឲ្យសព្ទសាធុការ ។ឈ្មោះដំណើរភ្លេងពិណពាទ្យមួយបទ : ភ្លេងសាធុការ ។សាធុការពរ សាធុការនិងពរ ឬពាក្យពរដែលលាយដោយសម្ដីថា សាធុ! ផង : ឲ្យសាធុការពរ, ទទួលសាធុការពរ ។ សាធុការសព្ទ សូរសព្ទសាធុការ ។ សាធុការី អ្នកបញ្ចេញវាចាថា សាធុ! ឬអ្នកដែលច្រើនប្រើសម្ដីថា សាធុ ! ( បើស្ត្រីជា សាធុការិនី ) ។ សាធុកីឡា ឬ –ក្រីឌា ការលេងសាធុ, ល្បែងសាធុ ការរីករាយសប្បាយដោយបញ្ចេញវាចាថា សាធុ! គឺការបញ្ចេញវាចាថា សាធុ! ព្រមៗគ្នាឮខ្លាំងៗរឿយៗ ក្នុងវេលាកំពុងដើរហែព្រះពុទ្ធរូប ឬដើរប្រទក្សិណឧបោសថាគារជាដើម ដែលមានមនុស្សម្នាក់ស្រែកថា អនុមោទនាលោកអឺយ! (អ្ហឺយ) –អ្នកទាំងអស់ទទួលព្រមគ្នាថា សាធុ! ឬទទួលបីដងថា សាធុ! សាធុ! សាធុ! ព្រមៗគ្នាឮខ្លាំងៗ ។ សាធុក្រឹត ( សំ. សាធុក្ឫត ) ដែលបានធ្វើឬផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ : ការសាធុក្រឹត, សៀវភៅសាធុក្រឹត ។ សាធុក្រឹត្យ ( សំ. សាធុក្ឫត្យ ) ក្រឹត្យត្រឹមត្រូវ ។ សាធុគត (–គត់) ដែលឋិតនៅក្នុងអំពើល្អ; អ្នកត្រឹមត្រូវ ( បើស្រ្តីជា សាធុគតា ) ។ សាធុជន ជនអ្នកត្រឹមត្រូវ, មនុស្សអ្នកកាន់អំពើល្អ ។ សាធុជាត ល្អ; ដែលត្រឹមត្រូវ, ដែលសម្រេចត្រឹមត្រូវហើយ ។ សាធុបថ ឬ សាធុបទវី (–បត់ ឬ –បៈទៈវី) ផ្លូវនៃអំពើល្អ, ផ្លូវត្រឹមត្រូវ ។ សាធុផល ផលល្អ ។សាធុពាហនៈ ឬ –វាហនៈ ពាហនៈដែលបង្ហាត់បានបទហើយ ។ សាធុព្រឹត្តិ (–ព្រឹត; សំ. សាធុវ្ឫត្តិ ) ការប្រព្រឹត្តត្រឹមត្រូវ, មារយាទល្អ ។ សាធុភាព ភាពល្អ; ដំណើរមានចិត្តល្អ ។ សាធុរូប ដែលមានសភាពល្អ; ដែលច្បាស់លាស់; សភាពត្រឹមត្រូវ ។ សាធុវាចា ឬ –វាទ សម្ដីពីរោះ, សម្ដីត្រឹមត្រូវ; សាធុការ ។ សាធុវាទី ( បើស្ត្រីជា សាធុវាទិនី ) អ្នកពោលពាក្យពីរោះ, ត្រឹមត្រូវ; សាធុការី ឬ សាធុការិនី ។ សាធុសព្ទ សូរសព្ទថា សាធុ ! សូរស្រែកឲ្យពរ ។ សាធុសមាចារ ( –សៈម៉ាចា ) ឬ សាធ្វាចារ ( សំ. បា. < សាធុ + អាចារ “”មារយាទ”” ) មារយាទល្អ; ដែលមានមារយាទល្អ; អ្នកមានមារយាទត្រឹមត្រូវ ។ សាធុសម្មត (–ស័ម-ម៉ត )ឬ សាធុសន្មត (–សន់-ន៉ៈម៉ត់ ) ដែលមានសេចក្ដីយល់ព្រមអំពីសប្បុរស ឬអំពីអ្នកប្រាជ្ញ, ដែលអ្នកកាន់ត្រឹមត្រូវយល់ព្រមផងហើយ : សេចក្ដីនេះជាសាធុសម្មត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


If you want to study Full IFRS / IFRS for SMEs, Please Join this Telegram https://t.me/PhnomPenhHR or contact 093 646 646

Leave a Reply

Share